សួនបាត់ថឺផ្លាយ ភែរឺដាយ - Butterfly Paradise គឺជាសួនមេអំបៅធំមួយទំហំប្រមាណ ១ហិចតា ដោយមានមេអំពៅជាច្រើនក្បាល ចំរុះពូជជាច្រើនប្រភេទ។ វាមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីក្រុងសៀមរាប ប្រមាណ១៧នាទី។
សួនមេអំបៅនេះ មិនត្រឹមតែមានសត្វមេអំបៅប៉ុណ្ណោះទេ គឺមានទាំងសត្វជាច្រើនប្រភេទរស់នៅក្នុងសួននោះផងដែរ សម្រាប់អោយភ្ញៀវទេសចរទស្សនាមានដូចជា៖ ពស់ថ្លាន់ អណ្ដើក កន្ធាយ សត្វស្លាប ទន្សាយ និងសត្វជាច្រើនទៀត ដោយគោលបំណងនៃការបង្កើតសួននេះឡើងគឺដើម្បីផ្គត់ផ្គង់ឧបត្ថម្ភដល់ក្មេងៗកុមារកំព្រា និងក្មេងក្រីក្រគ្មានទីពឹង។
បាត់ថឺផ្លាយ ភែរើដាយ ក៏មានទឹកធ្លាក់ពីជ្រោះ និងដើមផ្កាជាច្រើនប្រភេទដ៏វិសេសវិសាល សម្រាប់ទស្សនា និងកន្លែងកម្សាន្តបន្ធូរអារម្មណ៍ផងដែរ។
សំបុត្រចូលទស្សនាសម្រាប់ប្រជាជនខ្មែរ កូនក្មេងតម្លៃ ២ ដុល្លារក្នុងម្នាក់ មនុស្សពេញវ័យតម្លៃ ៤ ដុល្លារក្នុងម្នាក់។ ចំពោះជនបរទេស ក្មេងតម្លៃ៧ដុល្លារ និង ១០ដុល្លារសម្រាប់មនុស្សពេញវ័យ បើកបម្រើការពីថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រចាប់ពីម៉ោង ៩ ព្រឹក ដល់ ៤ និង ៣០នាទីរសៀល។
សួនបាត់ថឺផ្លាយ ភែរឺដាយ - Butterfly Paradiseនេះ ស្ថិតនៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។