ភ្នំខ្នងផ្សា - Khnang Phsa Mountain ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។ វាមានកំពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សា មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីភ្នំពេញ។
នៅទីនេះ មានសហគមន៍ទេសចរណ៍ខ្នងផ្សា ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរណ៍ដែលចង់មកលេងកំសាន្តដូចជា៖
- ជូនដើរព្រៃ ឡើងភ្នំ ម្នាក់៨០,០០០រៀល ក្នុងមួយថ្ងៃ (បើលោកអ្នក ដេកមួយយប់លើភ្នំមានន័យថា២ថ្ងៃ ដូច្នេះ២ថ្ងៃ គឺ១៦០,០០០រៀល)
- គោយន្តសម្រាប់ធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ ១២០,០០០រៀល (ទៅមក) អាចជិះបានគ្នា១០ទៅ១៥នាក់
- ទទួលធ្វើម្ហូបមួយពេល តម្លៃ ១៤,០០០រៀល ក្នុងម្នាក់
- តង់ និងកម្រាល តម្លៃ ៥៦,០០០រៀល ក្នុងមួយយប់
ក្នុងដំណើរកំសាន្តមួយនេះ លោកអ្នកគួរដឹង និងត្រៀមនូវសម្ភារៈមួយចំនួនដូចជា៖
- កាតាប ស្បែកជើង ស្រោមជើងកវែង ឈើច្រត់ ស្រោមដៃ មួក ពិល ខោអាវជើងវែងដៃវែង ស្រាលៗ ដែលឆាប់ស្ងួតញើស
- ម្ស៉ៅលាបជើងការពារសត្វទៀក ប្រេងលាបកំដៅសាច់ដុំមុនដើរ និងក្រោយដើរ
- ថ្នាំពេទ្យ ក្រដាស
- តាមផ្លូវពេលធ្វេីដំណេីរឡើងកំពូលភ្នំ គួរដាក់ទឹកសម្រាប់ញុាំយ៉ាងតិចម្នាក់១-២ដបធំ
- ការបរិភោគលើកំពូលភ្នំ៖ គួរត្រៀមអាហារណាក្រៀមៗទុកបានយូរ ស្រាលដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក។ ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ សម្រាប់ជាអាហារពេលព្រឹក ។ ទឹកនៅទីនេះ រៀងពិបាកបន្តិចជាពិសេសនៅពេលរដូវប្រាំង តែមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញុាំ ឬធ្វេីម្ហូប ប៉ុន្តែគួរត្រៀមខ្លួនឯង ជាការប្រសើរ។
- ការសម្រាកនៅលេីកំពូលភ្នំ៖ យេីងគួរត្រៀម ឬជួលតង់ពីសហគមន៍។ លោកអ្នក គួរត្រៀមអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង។
មួយវិញទៀត នៅទីនេះ មិនទាន់មានបង្គន់អនាម័យទេ។
សម្រាប់ការធ្វើដំណើរ៖
ជិះពីភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ រួចបន្តដំណើរទៅមុខតាមផ្លូវលេខ៤៤ រហូតដល់ ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ បន្ទាប់មក ត្រូវជិះបន្តទៅមុខប្រហែល ៥ ទៅ ៦ គីឡូម៉ែត្រទៀត រហូតដល់ ឃុំតាំងបំពង់ តំបន់រលាក់កងជើង នោះជាភូមិដែលយើងត្រូវឈប់។ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ អាចជិះម៉ូតូ ឬគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង។ បន្ទាប់មក ត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ ចម្ងាយផ្លូវភ្នំ ១០គីឡូម៉ែត្រ ដែលមានសភាពផ្លូវតូចល្មម រៀងចោត ថ្មច្រេីន ប៉ុន្តែមិនពិបាកណាស់ណាទេ ព្រោះមានផ្លូវដើរស្រាប់។ សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ ៤ ទៅ ៥ម៉ោង ឬលេីសពីនេះទេីបទៅដល់កំពូលភ្នំ។
គួរបញ្ជាក់ផងដែរថា ដេីម្បីឡេីងខ្នងផ្សាបាន គឺតម្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង ដោយលោកអ្នកអាចទំនាក់ទំនងលោក ជា យុទ្ធា គាត់ជាអនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ តាមទូរស័ព្ទលេខ ០៩៦ ២២ ៧៦ ៧៦ ៧។ មួយទៀតគឺ អ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ផងដែរ តាមរយៈលេខ ០១៥ ៧០៤ ៩៨៨។
នៅលើកំពូលភ្នំ លោកអ្នកនឹង៖
- ទទួលអារម្មណ៍ស្រស់ស្រាយ និងទេសភាពដ៏ស្រស់ស្អាត
- លំហែអារម្មណ៍ និងបំបាត់អស់ទុក្ខកង្វល់
- ថតរូប
- ថ្ងៃរះ ថ្ងៃលិច
- ទេសភាពពពក
រឹតតែពិសេសជាងនេះទៅទៀតនោះ នៅតំបន់ភ្នំខ្នងផ្សាមានខ្នងភ្នំមួយទៀតភ្នំខ្នងក្រពើ ដែលលោកអ្នកមិនគួររំលងឡើយ។ អ្នកដើរភ្នំ ដើរតែ៤ម៉ោងពីខ្នងផ្សាដល់ខ្នងក្រពើ ហើយដើរតែ៤ម៉ោងពីខ្នងក្រពើដល់ភូមិតាំងបំពង់វិញហើយ។
ភ្នំខ្នងផ្សា - Khnang Phsa Mountainនេះ ស្ថិតនៅភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលមានព្រំប្រទល់ភូមិចំណា ឃុំប្រលាយ ស្រុកថ្មបាំង ខេត្តកោះកុង។
ពត៌មានទំនាក់ទំនង៖