រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា

រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា  គឺជារមណីយដ្ឋានមួយកន្លែងដែលមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ ពីខេត្តកំពត ប្រមាណ ៣៥នាទី។

ពេល ឡើង ទៅ ដល់ អ្នក ត្រូវ បង់ ថ្លៃ ចូល កម្សាន្ត គឺ សម្រាប់ ជនបរទេស (៣ដុល្លារ) ទេសចរ ក្នុង ស្រុក  (៤ពាន់ រៀល) ម៉ូតូ (១ពាន់ រៀល) រថយន្ត ទេសចរណ៍ (៥ពាន់ រៀល) រថយន្ត ធុន ធំ (១ម៉ឺន រៀល) និង អ្នក ចង់ ថត រូប អាពាហ៍ពិពាហ៍  (៥ម៉ឺន រៀល) 

ធ្វើដំណើរឆ្លងកាត់តាមរមណីយដ្ឋានទឹកឈូមិនឆ្ងាយប៉ុន្មាន ភ្ញៀវទេសចរ នឹងបានឃើញស្លាកមួយដាក់ថា  រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា ដែលមានសញ្ញាព្រួញបង្ហាញផ្លូវចូលទៅខាងឆ្វេងដៃ។ មុនពេលចូលទៅដល់រមណីយដ្ឋាននេះ ភ្ញៀវទេសចរ នឹងបានគយគន់ទេសភាព  ចំការដំណាំហូបផ្លែក្នុងស្រុកច្រើនប្រភេទដូចជា ធូរ៉េន ចេក ស្វាយ ទៀបបារាំង ត្របែកជាដើម  ដែល ភ្ញៀវទេសចរក៏អាចរកទិញបានដែរ។

ពេលចូលតាមផ្លូវលំប្រហែលជិតមួយគីឡូម៉ែត្រ ភ្ញៀវទេសចរ នឹងបានឃើញអាងទឹកមួយ ដែលមានឈ្មោះ កោះតារា ដែលនៅទី នោះ មានកញ្ចុះសម្រាប់អង្គុយលែង និងទទួលទានអាហារផងដែរ។ កន្លែងនេះមានទឹកជ្រៅ ថ្លាខៀវស្រងាត់ ត្រជាក់ស្រួល និងហ៊ុមព័ទ្ធដោយភ្នំ និងមានខ្យល់បក់រសៀកៗពីកំពូលភ្នំ ហាក់លួងលោមអារម្មណ៍ភ្ញៀវអោយបានធូរស្បើយពីភាពហត់នឿយទាំងពួង។

បន្តធ្វើដំណើរឡើងតាមចង្កេះភ្នំ ប្រមាណជាងមួយគីឡូម៉ែត្រ សំឡេងសន្ធឹកទឹកហូរនឹងលាន់ឮរំពង ចុះពីកំពូលភ្នំ។ ពេលទៅដល់ភ្ញៀវ អាចអង្គុយសម្រាក់នៅក្នុងកញ្ចុះ នៅអមសងខាង ទំនប់បង្ហៀរទឹកមួយដែលគេហៅថា “ទឹកធ្លាក់តាដារូងច័ន្ទ” កន្លែងនេះហើយដែលភ្ញៀវទេសចរទាំងចាស់ ទាំងក្មេងតូចៗ អាចហែលទឹកលែងបានយ៉ាងសប្បាយ ព្រោះកន្លែងនេះ ត្រូវបានកែច្នៃជាទំនប់បង្ហៀរ  មានទាំងទឹករាក់ និងទឹកជ្រៅ ។ ក្រៅពីនេះ បើភ្ញៀវធ្វើដំណើរថ្មើរជើងឡើងតាមកាំជណ្តើយទៅកំពូលភ្នំ នោះនឹងបានទៅដល់កន្លែងទឹកធ្លាក់មួយកន្លែងទៀត ដែលមានឈ្មោះថា “ទឹកធ្លាក់តាដាសច្ចំ” ។ ពេល ឡើង ទៅ ដល់ អ្នក នឹង មាន អារម្មណ៍ ស្រស់ស្រាយ ដោយសារ ចំហាយ ទឹក ធ្លាក់ ដ៏ ត្រជាក់ ដូច ទឹកកក  កន្លែង អង្គុយ លេង  និង ការ គយគន់ ទេសភាព ចំការដំណាំនិងព្រៃឈើពី កំពូល ដ៏ ត្រកាល។  អ្នក អាច ថត រូប  ដេកលេង  ឬ ចូល ងូត ទឹក ដ៏ ត្រជាក់ បាន ដោយ រីករាយ។

រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដា ឬ ទឹកធ្លាក់ថ្ម តាដា សច្ចំនេះ ស្ថិតនៅឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត